10. ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល អយ្យកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច
11. ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ និងព្រះចេស្តា សិរីល្អ ជ័យជំនះ និងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់
12. ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកំឡាំងដល់មនុស្សទាំងអស់
13. ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ
14. តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ
15. ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកអយ្យកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ
16. ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សំរាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ
17. ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺទ្រង់ដែលល្បងលចិត្ត ហើយទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានសេចក្ដីអំណរ ដោយឃើញរាស្ត្ររបស់ទ្រង់ ដែលប្រជុំនៅទីនេះគេថ្វាយដល់ទ្រង់ ដោយស្ម័គ្រពីចិត្តដែរ
18. ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងអ៊ីស្រាអែល ជាអយ្យកោយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់រក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួករាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមទ្រង់តាំងចិត្តគេ ឲ្យនៅជាប់នឹងទ្រង់