13. ហើយសំរាប់វេនពួកសង្ឃ និងពួកលេវី ហើយសំរាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ
14. ដាវីឌទ្រង់ក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះ និងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះដែរ
15. គឺកំណត់ទំងន់មាស សំរាប់ធ្វើជើងចង្កៀងមាស និងតួចង្កៀងនោះ គឺជាទំងន់ជើងចង្កៀងនីមួយៗ និងតួចង្កៀងនីមួយៗ ហើយកំណត់ទំងន់ប្រាក់ សំរាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង និងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនីមួយៗនោះ
16. ហើយមាសសំរាប់ធ្វើតុនំបុ័ងតាំងទុក និងប្រាក់សំរាប់អស់ទាំងតុធ្វើពីប្រាក់ដែរ
17. ព្រមទាំងសម ចានគោម និងពែងដែលធ្វើពីមាសសុទ្ធ និងផ្តិលមាស តាមទំងន់នីមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទំងន់
18. និងមាសសុទ្ធសំរាប់អាសនាគ្រឿងក្រអូបតាមទំងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសំរាប់ធ្វើរទេះ និងចេរូប៊ីន ដែលត្រដាងស្លាបគ្របពីលើហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាដែរ
19. រួចទ្រង់មានព្រះបន្ទូលថា បណ្តាបែបយ៉ាងទាំងនេះបានកត់ទុក ដោយព្រះហស្តព្រះយេហូវ៉ា ឲ្យអញបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះឯង។
20. ដាវីឌទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនជាព្រះរាជបុត្រាថា ចូរមានកំឡាំង និងចិត្តក្លាហានឡើង ហើយធ្វើសំរេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់អស់ទាំងការ ដែលធ្វើព្រះវិហារនៃព្រះយេហូវ៉ានេះបានសំរេច
21. ហើយមើល មានវេនពួកសង្ឃ និងពួកលេវី សំរាប់គ្រប់ទាំងការងារក្នុងព្រះវិហារនៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងឯការអ្វីក៏ដោយ គេនឹងនៅជាមួយនឹងឯង ដើម្បីនឹងសំរេចការនេះ ចំណែកពួកចៅហ្វាយ និងបណ្តាជនទាំងអស់គ្នា គេនឹងនៅក្នុងបង្គាប់ឯងដែរ។