10. ឥឡូវនេះ ចូរឯងប្រុងប្រយ័ត្ន ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកំឡាំងឡើង ហើយធ្វើសំរេចចុះ។
11. នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោះ
12. ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សំរាប់ទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសំរាប់ជាឃ្លាំងរបស់ព្រះវិហារនៃព្រះ និងឃ្លាំងនៃដង្វាយបរិសុទ្ធទាំងប៉ុន្មាន
13. ហើយសំរាប់វេនពួកសង្ឃ និងពួកលេវី ហើយសំរាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ
14. ដាវីឌទ្រង់ក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះ និងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះដែរ
15. គឺកំណត់ទំងន់មាស សំរាប់ធ្វើជើងចង្កៀងមាស និងតួចង្កៀងនោះ គឺជាទំងន់ជើងចង្កៀងនីមួយៗ និងតួចង្កៀងនីមួយៗ ហើយកំណត់ទំងន់ប្រាក់ សំរាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង និងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនីមួយៗនោះ
16. ហើយមាសសំរាប់ធ្វើតុនំបុ័ងតាំងទុក និងប្រាក់សំរាប់អស់ទាំងតុធ្វើពីប្រាក់ដែរ
17. ព្រមទាំងសម ចានគោម និងពែងដែលធ្វើពីមាសសុទ្ធ និងផ្តិលមាស តាមទំងន់នីមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទំងន់
18. និងមាសសុទ្ធសំរាប់អាសនាគ្រឿងក្រអូបតាមទំងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសំរាប់ធ្វើរទេះ និងចេរូប៊ីន ដែលត្រដាងស្លាបគ្របពីលើហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាដែរ
19. រួចទ្រង់មានព្រះបន្ទូលថា បណ្តាបែបយ៉ាងទាំងនេះបានកត់ទុក ដោយព្រះហស្តព្រះយេហូវ៉ា ឲ្យអញបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះឯង។