1. គ្រានោះ ដាវីឌទ្រង់ប្រមូលពួកអ្នក ដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃពូជអំបូរទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម
2. រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមានព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសំរាប់ការស្អាងនោះដែរ
3. តែព្រះទ្រង់មានព្រះបន្ទូលមកយើងថា ឯងមិនត្រូវស្អាងព្រះវិហារ សំរាប់ឈ្មោះអញឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចំបាំងមក ហើយបានកំចាយឈាមផង
4. ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានរើសយើងចេញ ពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតទ្រង់បានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា នោះទ្រង់បានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង នោះទ្រង់បានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
5. ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល
6. ទ្រង់បានមានព្រះបន្ទូលមកយើងថា សាឡូម៉ូន ជាកូនឯងនឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យអញ ដ្បិតអញបានរើសវា ឲ្យបានធ្វើជាកូនអញ ហើយអញនឹងធ្វើជាឪពុកដល់វា