4. ឯអូបិឌ-អេដំមក៏មានកូន គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាទី២ យ៉ូអា ទី៣ សាកើរទី៤ នេថានេលទី៥
5. អាំមាលទី៦ អ៊ីសាខារទី៧ និងពេអ៊ូលថាយទី៨ ដ្បិតព្រះបានប្រទានពរដល់លោក
6. ហើយសេម៉ាយ៉ា ជាកូនលោក ក៏បានកូនដែរ អ្នកទាំងនោះបានត្រួតត្រាលើវង្សរបស់ឪពុកគេ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន
7. ឯកូនរបស់សេម៉ាយ៉ា គឺអូតនី រេផែល អូបិឌ អែលសាបាឌ និងបងប្អូនគេ ដែលជាមនុស្សក្លាហាន គឺអេលីហ៊ូវ និងសេម៉ាគា
8. នោះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដំមដែលខ្លួនគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកំឡាំងជំនាញក្នុងការងារ មាន៦២នាក់ ដែលកើតពីអូបិឌ-អេដំម
9. ឯមសេលេមា គាត់មានកូន និងបងប្អូន១៨នាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន
10. ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង គង់តែឪពុកបានតាំងឡើង ឲ្យធ្វើជាមេដែរ)
11. ហ៊ីលគីយ៉ា ជាទី២ ថេបាលយ៉ា ទី៣ សាការីទី៤ ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់ មាន១៣នាក់។
12. ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសំរាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា
13. គេក៏ចាប់ឆ្នោត ទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានត្រូវទ្វារនីមួយៗ
14. ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចមកគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជំនួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវត្រង់ទ្វារខាងជើង
15. ឯឆ្នោតរបស់អូបិឌ-អេដំម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង