8. ឯដាវីឌទ្រង់ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទំងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្ត ដោយបែបចំកួតណាស់។
9. ខណៈនោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់កាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
10. ឲ្យចូលទៅប្រាប់ដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង
11. កាឌ់ក៏ចូលទៅទូលនឹងដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូររើសយក១ចុះ
12. ទោះបើជាសេចក្ដីអំណត់អស់៣ឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញ ក្នុងរវាង៣ខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាង៣ថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល ដូច្នេះ សូមពិចារណាឥឡូវនេះចុះ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា
13. ដាវីឌទ្រង់មានព្រះបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្ត នៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ
14. ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់