១ របាក្សត្រ 21:3-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. យ៉ូអាប់​តប​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចំរើន​ពួក​ជន​របស់​ទ្រង់ ឲ្យ​បាន​១​ជា​១០០​ភាគ​ឡើង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ទ្រង់​ព្រះ‌ករុណា​ទេ​ឬ​អី ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ ទ្រង់​ចង់​បណ្តាល​ឲ្យ​អ៊ីស្រា‌អែល មាន​ទោស​ធ្វើ​អី

4. ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​វិញ បាន​ជា​យ៉ូអាប់​លោក​បង្គំ​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

5. នោះ​យ៉ូអាប់​ក៏​បង្ហាញ​ចំនួន​នៃ​ជន​ទាំង‌ឡាយ ដែល​បាន​រាប់​នោះ​ថ្វាយ​ដាវីឌ គឺ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ចេះ​កាន់​ដាវ នោះ​មាន​១​លាន​១​សែន​នាក់ ហើយ​ពួក​យូដា ដែល​ចេះ​កាន់​ដាវ នោះ​មាន​៤​សែន​៧​ម៉ឺន​នាក់

6. តែ​ពួក​លេវី និង​ពួក​បេន‌យ៉ា‌មីន លោក​មិន​បាន​រាប់​ក្នុង​ពួក​គេ​ទេ ដ្បិត​ព្រះ‌បន្ទូល​នៃ​ស្តេច​ជា​ទី​ទំនាស់​ចិត្តដល់​យ៉ូអាប់

7. ហើយ​ព្រះ​ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ការ​នោះ​ដែរ ហេតុ​ដូច្នោះ​ទ្រង់​ក៏​ប្រហារ​សាសន៍​អ៊ីស្រា‌អែល

8. ឯ​ដាវីឌ​ទ្រង់​ទូល​ដល់​ព្រះ​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​មាន​ទំងន់​ណាស់ ដោយ​ធ្វើ​ការ​នេះ តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​ការ​អាក្រក់​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត ដោយ​បែប​ចំកួត​ណាស់។

9. ខណៈ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​កាឌ់ ជា​អ្នក​មើល‌ឆុត​របស់​ដាវីឌ

10. ឲ្យ​ចូល​ទៅ​ប្រាប់​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ដាក់​សេចក្ដី​ទាំង​៣​នេះ​ឲ្យ​ឯង ចូរ​រើស​យក​១​ចុះ ឲ្យ​អញ​បាន​ធ្វើ​យ៉ាង​នោះ​ដល់​ឯង

11. កាឌ់​ក៏​ចូល​ទៅ​ទូល​នឹង​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​រើស​យក​១​ចុះ

12. ទោះ​បើ​ជា​សេចក្ដី​អំណត់​អស់​៣​ឆ្នាំ ឬ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បំផ្លាញ ក្នុង​រវាង​៣​ខែ កំពុង​ដែល​ដាវ​របស់​ពួក​ខ្មាំង​តាម​ឯង​ទាន់ ឬ​ជា​ដាវ​នៃ​ព្រះ‌យេហូវ៉ា នៅ​រវាង​៣​ថ្ងៃ​វិញ គឺ​ជា​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក និង​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បំផ្លាញ​ទួទៅ​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រា‌អែល ដូច្នេះ សូម​ពិចារណា​ឥឡូវ​នេះ​ចុះ តើ​ចង់​ឲ្យ​ទូល‌បង្គំ​ឆ្លើយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ជា​យ៉ាង​ណា

13. ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាឌ់​ថា យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ

១ របាក្សត្រ 21