1. គ្រានោះ សាតាំងក៏ឈរឡើង ទាស់នឹងពួកអ៊ីស្រាអែល បណ្តាលឲ្យដាវីឌរាប់ចំនួនបណ្តារាស្ត្រទាំងឡាយ
2. ដាវីឌទ្រង់មានព្រះបន្ទូលទៅយ៉ូអាប់ និងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើង ឲ្យបានដឹងចំនួនផង
3. យ៉ូអាប់តបថា សូមឲ្យព្រះយេហូវ៉ាចំរើនពួកជនរបស់ទ្រង់ ឲ្យបាន១ជា១០០ភាគឡើង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបំរើរបស់ទ្រង់ព្រះករុណាទេឬអី ចុះហេតុអ្វីបានជាទ្រង់ព្រះករុណាបង្គាប់ឲ្យធ្វើការនេះ ទ្រង់ចង់បណ្តាលឲ្យអ៊ីស្រាអែល មានទោសធ្វើអី
4. ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះវិញ បានជាយ៉ូអាប់លោកបង្គំលាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកឯក្រុងយេរូសាឡិមវិញ
5. នោះយ៉ូអាប់ក៏បង្ហាញចំនួននៃជនទាំងឡាយ ដែលបានរាប់នោះថ្វាយដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ នោះមាន១លាន១សែននាក់ ហើយពួកយូដា ដែលចេះកាន់ដាវ នោះមាន៤សែន៧ម៉ឺននាក់
6. តែពួកលេវី និងពួកបេនយ៉ាមីន លោកមិនបានរាប់ក្នុងពួកគេទេ ដ្បិតព្រះបន្ទូលនៃស្តេចជាទីទំនាស់ចិត្តដល់យ៉ូអាប់
7. ហើយព្រះក៏មិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល
8. ឯដាវីឌទ្រង់ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទំងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្ត ដោយបែបចំកួតណាស់។
9. ខណៈនោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់កាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
10. ឲ្យចូលទៅប្រាប់ដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង
11. កាឌ់ក៏ចូលទៅទូលនឹងដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូររើសយក១ចុះ
12. ទោះបើជាសេចក្ដីអំណត់អស់៣ឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញ ក្នុងរវាង៣ខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាង៣ថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ា បំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល ដូច្នេះ សូមពិចារណាឥឡូវនេះចុះ តើចង់ឲ្យទូលបង្គំឆ្លើយ ដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា
13. ដាវីឌទ្រង់មានព្រះបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្ត នៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ
14. ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់
15. ព្រះទ្រង់ក៏ចាត់ទេវតា១ទៅបំផ្លាញក្រុងយេរូសាឡិម តែកាលទេវតានោះហៀបនឹងបំផ្លាញទៅ នោះព្រះយេហូវ៉ាទ្រង់ទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានព្រះបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
16. ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
17. ហើយដាវីឌទ្រង់ទូលដល់ព្រះថា គឺទូលបង្គំទេតើ ដែលបង្គាប់ឲ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តដោយការល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រះហស្តទ្រង់បានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំចុះ សូមកុំឲ្យទាស់នឹងរាស្ត្ររបស់ទ្រង់ ឲ្យគេត្រូវវេទនាឡើយ។
18. នោះទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាឌ់ ឲ្យទៅទូលដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
19. ដូច្នេះ ដាវីឌក៏ឡើងទៅ តាមពាក្យដែលកាឌ់បានទូលដោយនូវព្រះនាមព្រះយេហូវ៉ា