27. ឯកូនរបស់រ៉ាម ជាកូនច្បងយេរ៉ាម្អែល នោះគឺម៉ាអាស យ៉ាមីន និងអេគើរ
28. កូនរបស់អូណាម គឺសាម៉ាយ និងយ៉ាដា ឯកូនរបស់សាម៉ាយ គឺណាដាប និងអ័ប៊ីស៊ើរ
29. រីឯប្រពន្ធអ័ប៊ីស៊ើរ នោះឈ្មោះអ័ប៊ីហែល នាងនោះបង្កើតអ័បាន់ និងម៉ូលីឌឲ្យគាត់
30. ឯកូនរបស់ណាដាប គឺសេលេឌ និងអ័ផែម តែសេលេឌនេះគាត់ស្លាប់ទៅឥតមានកូន
31. កូនរបស់អ័ផែម គឺអ៊ីស៊ី ហើយកូនរបស់អ៊ីស៊ី គឺសេសាន ជាកូនសេសាន ឯកូនសេសាន គឺអ័ឡាយ
32. ឯកូនរបស់យ៉ាដា ជាប្អូនសាម៉ាយ គឺយេធើ និងយ៉ូណាថាន តែយេធើគាត់ស្លាប់ទៅឥតមានកូន
33. ឯកូនរបស់យ៉ូណាថាន គឺពេលេត និងសាសា នោះសុទ្ធតែជាកូនចៅនៃយេរ៉ាម្អែល
34. រីឯសេសានគាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីវិញ ក៏មានអ្នកបំរើសាសន៍អេស៊ីព្ទម្នាក់ឈ្មោះយ៉ារហា
35. ហើយសេសានគាត់ឲ្យកូនស្រីគាត់ ទៅធ្វើជាប្រពន្ធរបស់យ៉ារហា ជាអ្នកបំរើនោះ នាងបង្កើតអ័ថាយឲ្យគាត់
36. ហើយអ័ថាយបង្កើតណាថាន់ៗបង្កើតសាបាឌ
37. សាបាឌបង្កើតអែបឡាល អែបឡាលបង្កើតអូបិឌ
38. អូបិឌបង្កើតយេហ៊ូវៗបង្កើតអ័សារា
39. អ័សារាបង្កើតហាលេសៗបង្កើតអេឡាសា
40. អេឡាសាបង្កើតអ៊ីសម៉ាយៗបង្កើតសាលូម
41. ឯសាលូម គាត់បង្កើតយេកាមា ហើយយេកាមាបង្កើតអេលីសាម៉ា។
42. ឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល នោះគឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូន១ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន
43. កូនរបស់ហេប្រុន គឺកូរេ ថាពួរ រេគេម និងសេម៉ា
44. សេម៉ាបង្កើតរ៉ាហាំ ជាឪពុកយ៉ូរគាម ហើយរេគេមបង្កើតសាម៉ាយ
45. កូនរបស់សាម៉ាយ គឺម៉ាអូន ហើយម៉ាអូន ជាឪពុកបេត-ស៊ើរ