6. លុះកាលពួកកូនចៅអាំម៉ូនឃើញថា គេបាននាំឲ្យដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់១ពាន់ហាប ទៅជួលរទេះចំបាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ
7. យ៉ាងនោះ គេជួលបានរទេះ ៣ម៉ឺន២ពាន់ ព្រមទាំងស្តេចស្រុកម្អាកា និងបណ្តារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ព នៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូន ក៏ចេញពីទីក្រុងខ្លួនទាំងប៉ុន្មាន មូលមកច្បាំង
8. កាលដាវីឌបានជ្រាប នោះទ្រង់ចាត់យ៉ូអាប់ និងពួកពលទ័ពខ្លាំងពូកែទាំងអស់ ឲ្យចេញទៅ
9. ពួកកូនចៅអាំម៉ូន ក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅឯវាលដោយខ្លួន។
10. រីឯយ៉ូអាប់ កាលឃើញថា គេឡោមច្បាំងនឹងលោក ពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏យកពួកជ្រើសរើស ក្នុងពួកអ៊ីស្រាអែល ដាក់ឲ្យដំរៀបគ្នាតនឹងពួកស៊ីរី
11. ឯបណ្តាទ័ពដែលសល់ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏ដំរៀបគ្នាតនឹងពួកកូនចៅ អាំម៉ូន
12. លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកំឡាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកំឡាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
13. ចូរយើងមានចិត្តក្លាហានឡើង ហើយមានកំឡាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមព្រះយេហូវ៉ាទ្រង់សំរេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ
14. ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
15. កាលពួកកូនចៅអាំម៉ូនឃើញថា ពួកស៊ីរីបានបាក់ទ័ពហើយ នោះគេក៏រត់ពីមុខអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ដែរ នាំគ្នាចូលទៅក្នុងទីក្រុង រួចយ៉ូអាប់ក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
16. កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចាត់ទូត ឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ មានសូបាក ជាមេទ័ពរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ
17. កាលដាវីឌទ្រង់បានជ្រាប នោះទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅប្រទះនឹងគេ ហើយក៏ដំរៀបគ្នាច្បាំង កាលដាវីឌបានដំរៀបទ័ពច្បាំងនឹងពួកស៊ីរីដូច្នេះ នោះគេក៏តនឹងទ្រង់
18. តែពួកស៊ីរីគេបាក់ទ័ព រត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយដាវីឌបានសំឡាប់ពួកទ័ពស៊ីរី ដែលនៅរទេះចំបាំងអស់៧ពាន់ និងពលថ្មើរជើង៤ម៉ឺននាក់ ក៏សំឡាប់សូបាក ជាមេទ័ពដែរ