1. លុះកាលដាវីឌបានគង់នៅក្នុងដំណាក់ទ្រង់ហើយ នោះទ្រង់មានព្រះបន្ទូលទៅហោរាណាថាន់ថា មើលខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា មានតែសំពត់បាំងប៉ុណ្ណោះ
2. ដូច្នេះ ណាថាន់ទូលថា សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងទ្រង់ហើយ
3. តែនៅវេលាយប់នោះឯង ព្រះបន្ទូលនៃព្រះបានមកដល់ណាថាន់ថា
4. ចូរទៅប្រាប់ដល់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មិនត្រូវឲ្យឯងស្អាងព្រះវិហារ ឲ្យអញបាននៅនោះឡើយ
5. ដ្បិតតាំងពីអញនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះអញមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាល១ដល់ត្រសាល១ ហើយពីរោងឧបោសថ១ដល់រោងឧបោសថ១ទៀត
6. នៅគ្រប់ទីកន្លែង ដែលអញដើរជាមួយនឹងពួកអ៊ីស្រាអែល នោះតើអញដែលនិយាយ១ម៉ាត់ នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលរាស្ត្រអញថា ហេតុអ្វីបានជាឯងមិនបានស្អាងព្រះវិហារ ពីឈើតាត្រៅឲ្យអញឬទេ
7. ដូច្នេះ ត្រូវឲ្យឯងនិយាយនឹងដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានយកឯងពីក្រោលសត្វ គឺពីការឃ្វាលហ្វូងចៀមមក ឲ្យធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ
8. អញបាននៅជាមួយនឹងឯង នៅគ្រប់ទីកន្លែងណា ដែលឯងបានទៅដែរ ក៏បានដកពួកខ្មាំងសត្រូវទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំ ដែលនៅផែនដី