១ របាក្សត្រ 17:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កាល​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់​ទ្រង់​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ឯ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ

2. ដូច្នេះ ណាថាន់​ទូល​ថា សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ

3. តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​ណាថាន់​ថា

4. ចូរ​ទៅ​ប្រាប់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ ឲ្យ​អញ​បាន​នៅ​នោះ​ឡើយ

5. ដ្បិត​តាំង​ពី​អញ​នាំ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​មិន​បាន​នៅ​ក្នុង​ព្រះ‌វិហារ​ណា​ទេ គឺ​បាន​ទៅ​ពី​ត្រសាល​១​ដល់​ត្រសាល​១ ហើយ​ពី​រោង​ឧបោសថ​១​ដល់​រោង​ឧបោសថ​១​ទៀត

6. នៅ​គ្រប់​ទី​កន្លែង ដែល​អញ​ដើរ​ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ នឹង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ស្អាង​ព្រះ‌វិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ

7. ដូច្នេះ ត្រូវ​ឲ្យ​ឯង​និយាយ​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​យក​ឯង​ពី​ក្រោល​សត្វ គឺ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម​មក ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

8. អញ​បាន​នៅ​ជា​មួយ​នឹង​ឯង នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ឯង​បាន​ទៅ​ដែរ ក៏​បាន​ដក​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់​ពី​មុខ​ឯង​ចេញ ហើយ​បាន​លើក​ឈ្មោះ​ឯង​ជា​ធំ ដូច​ជា​ឈ្មោះ​នៃ​អស់​អ្នក​ធំ ដែល​នៅ​ផែនដី

9. អញ​បាន​ដំរូវ ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ មាន​ទី​លំនៅ ដើម្បី​ឲ្យ​គេ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​ផង​គេ ឥត​ដែល​ត្រូវ​រើ​ទៅ​ឯ​ណា​ទៀត ពួក​ខូច​អាក្រក់​នឹង​មិន​ពង្រេច‌ពង្រឹល​គេ ដូច​កាល​ពី​មុន

10. គឺ​ដូច​ជា​គ្រា​កាល​ចាប់​តាំង​ពី​ថ្ងៃ ដែល​អញ​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​បង្ក្រាប​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ហើយ (មួយ​ទៀត​ទូល‌បង្គំ​ក្រាប​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ទ្រង់​ឡើង)

11. កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ នៅ​ខណៈ​ដែល​ឯង​ត្រូវ​ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ​ពង្ស​ឯង​ឡើង គឺ​ជា​ម្នាក់​ក្នុង​ពួក​កូន​ឯង ហើយ​នឹង​តាំង​រាជ្យ​របស់​អ្នក​នោះ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង

12. អ្នក​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​១​ឲ្យ​អញ ហើយ​អញ​នឹង​ប្រោស​ឲ្យ​រាជ្យ​អ្នក​នោះ​បាន​ស្ថិត‌ស្ថេរ​នៅ ជា​រៀង‌រាប​ដរាប​ទៅ

13. អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​មិន​ដែល​ដក​សេចក្ដី​សប្បុរស​របស់​អញ ចេញ​ពី​អ្នក​នោះ ដូច​ជា​បាន​ដក​ចេញ​ពី​អ្នក ដែល​នៅ​មុខ​ឯង​នោះ​ឡើយ

14. គឺ​នឹង​តាំង​អ្នក​នោះ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក្នុង​នគរ​របស់​អញ​ឲ្យ​នៅ​ជា​ដរាប ហើយ​រាជ្យ​អ្នក​នោះ​នឹង​បាន​នៅ​ជាប់ ជា​រៀង‌រាប​ដរាប​ទៅ

15. ណាថាន់​ក៏​ទូល​ដល់​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នេះ ហើយ​តាម​ការ​ជាក់​ស្តែង​នេះ គ្រប់​ជំពូក។

១ របាក្សត្រ 17