4. ទ្រង់ក៏ដំរូវពួកលេវីខ្លះ ឲ្យធ្វើការងារនៅចំពោះហឹបនៃព្រះយេហូវ៉ា ដើម្បីនឹងរំឭក អរព្រះគុណ ហើយនឹងសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
5. គឺអេសាភជាមេ ហើយបន្ទាប់មកមានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម និងយីអែល សុទ្ធតែកាន់ពិណ និងស៊ុង ហើយអេសាភជាអ្នកវាយឈឹងឲ្យឮរងំ
6. ឯបេណាយ៉ា និងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះ។
7. នៅថ្ងៃនោះឯង ដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា ដោយសារអេសាភ និងពួកបងប្អូនលោកថា
8. ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍
9. ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
10. ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ទ្រង់ ចូរឲ្យអស់អ្នក ដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង