១ របាក្សត្រ 16:27-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លំអ នោះ​នៅ​ចំពោះ​ទ្រង់ ឥទ្ធា‌នុភាព និង​សេចក្ដី​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ទ្រង់

28. ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា

29. ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ទ្រង់ ចូរ​នាំ​យក​ដង្វាយ​១​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ដោយ​សិរី​លំអ​នៃ​សេចក្ដី​បរិសុទ្ធ

30. គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ ឯ​លោកីយ៍ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ

31. ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​សេចក្ដី​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សោយ‌រាជ្យ

32. ចូរ​ឲ្យ​សមុទ្រ និង​បណ្តា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចំការ និង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង

33. ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំនះ​ផែនដី

34. ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច

35. ចូរ​ទូល​ថា ឱ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​បំប្រួម​យើង​ខ្ញុំ ហើយ​ប្រោស​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​ពោល​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ ហើយ​មាន​សេចក្ដី​រីក‌រាយ ក្នុង​សេចក្ដី​សរសើរ‌ដំកើង​ដល់​ទ្រង់

36. សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប ដរាប​ដល់​អស់​កល្ប‌ជានិច្ច។ស្រេច​ហើយ បណ្តា‌ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ឡើង​ថា អាម៉ែន ហើយ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា​ដែរ។

37. ដូច្នេះ ដាវីឌ​ទ្រង់​ទុក​ឲ្យ​អេសាភ និង​បង​ប្អូន​លោក​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ តាម​ដែល​ត្រូវ​ការ រាល់​តែ​ថ្ងៃ​ជានិច្ច

38. ឯ​អូបិឌ-អេដំម ជា​កូន​យេឌូថិន និង​ហូសា ព្រម​ទាំង​បង​ប្អូន​លោក​ចំនួន​៦៨​នាក់ បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ

39. ចំណែក​សាដុក​ដ៏​ជា​សង្ឃ និង​បង​ប្អូន​លោក ជា​ពួក​សង្ឃ បាន​តាំង​ឲ្យ​នៅ​មុខ​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​លើ​ទី​ខ្ពស់​ត្រង់​គីបៀន

40. ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា ដែល​សំរាប់​ដង្វាយ​ដុត រាល់​ព្រឹក​រាល់​ល្ងាច​ជានិច្ច តាម​គ្រប់​ទាំង​សេចក្ដី ដែល​បាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល

41. មាន​ទាំង​ហេម៉ាន និង​យេឌូថិន​នៅ​ជា​មួយ​ដែរ ព្រម​ទាំង​ពួក​អ្នក​ឯ​ទៀត ដែល​បាន​ដំរូវ​ដោយ​ឈ្មោះ​ផង ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច

42. ហេម៉ាន និង​យេឌូថិន​នេះ គេ​មាន​ត្រែ និង​ឈឹង សំរាប់​ពួក​អ្នក​ភ្លេង និង​ប្រដាប់​ឯ​ទៀត​សំរាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូថិន គេ​នៅ​ត្រង់​មាត់​ទ្វារ

43. រួច​បណ្តា‌ជន​ក៏​វិល​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​ទៅ ហើយ​ដាវីឌ​ទ្រង់​ក៏​ត្រឡប់​ទៅ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​វង្សា​ញាតិ​របស់​ទ្រង់។

១ របាក្សត្រ 16