22. ដោយព្រះបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ
23. ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសំដែងពីសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ
24. ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
25. ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
26. ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
27. ឯសេចក្ដីរុងរឿង ហើយសិរីលំអ នោះនៅចំពោះទ្រង់ ឥទ្ធានុភាព និងសេចក្ដីអំណរក៏នៅទីកន្លែងរបស់ទ្រង់
28. ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានសិរីល្អ និងព្រះចេស្តា
29. ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្ដីបរិសុទ្ធ
30. គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះទ្រង់ចុះ ឯលោកីយ៍ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ
31. ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ
32. ចូរឲ្យសមុទ្រ និងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចំការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង
33. ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
34. ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច
35. ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរដំកើងដល់ទ្រង់
36. សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ស្រេចហើយ បណ្តាជនទាំងអស់គ្នាក៏ទទួលឡើងថា អាម៉ែន ហើយក៏សរសើរដំកើងដល់ព្រះយេហូវ៉ាដែរ។