17. ព្រមទាំងបញ្ជាក់សេចក្ដីនោះឯងទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សំរាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
18. ដោយព្រះបន្ទូលថា អញ និងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង
19. ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង
20. គេចេញដំណើរពីនគរ១ទៅនគរ១ ហើយពីសាសន៍១ដល់សាសន៍១ទៀត
21. ទ្រង់មិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ទ្រង់បានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង
22. ដោយព្រះបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ
23. ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសំដែងពីសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ
24. ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
25. ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
26. ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
27. ឯសេចក្ដីរុងរឿង ហើយសិរីលំអ នោះនៅចំពោះទ្រង់ ឥទ្ធានុភាព និងសេចក្ដីអំណរក៏នៅទីកន្លែងរបស់ទ្រង់
28. ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានសិរីល្អ និងព្រះចេស្តា
29. ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្ដីបរិសុទ្ធ
30. គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះទ្រង់ចុះ ឯលោកីយ៍ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ
31. ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ
32. ចូរឲ្យសមុទ្រ និងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចំការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង
33. ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
34. ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច