១ របាក្សត្រ 16:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ចូរ​រក​ព្រះ‌ភក្ត្រ​ទ្រង់​ជានិច្ច

12. ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ទ្រង់ និង​ពី​សេចក្ដី​យុត្តិ‌ធម៌​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

13. ឱ​អ្នក​រាល់​គ្នា​ជា​ពូជ​ពង្ស​អ៊ីស្រា‌អែល ជា​ពួក​បំរើ​ទ្រង់ គឺ​ពួក​កូន​ចៅ​យ៉ាកុប ជា​ពួក​អ្នក​ជ្រើស‌រើស​របស់​ទ្រង់​អើយ

14. ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់ នៅ​ពេញ‌ពាស​លើ​ផែនដី

15. ចូរ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជា​ដរាប គឺ​ជា​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់ ដល់​មនុស្ស​ទាំង​ពាន់​ដំណ

16. ជា​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ ហើយ​ជា​សេចក្ដី​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក

17. ព្រម​ទាំង​បញ្ជាក់​សេចក្ដី​នោះ​ឯង​ទុក​ជា​ច្បាប់​ដល់​យ៉ាកុប ហើយ​ដល់​អ៊ីស្រា‌អែល សំរាប់​ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច

18. ដោយ​ព្រះ‌បន្ទូល​ថា អញ និង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មរដក​របស់​ឯង

19. ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​គ្នា​តិច​នៅ​ឡើយ គឺ​មាន​គ្នា​តិច​ណាស់ ក៏​គ្រាន់​តែ​ស្នាក់​នៅ​ស្រុក​នេះ​ប៉ុណ្ណោះ​ផង

20. គេ​ចេញ​ដំណើរ​ពី​នគរ​១​ទៅ​នគរ​១ ហើយ​ពី​សាសន៍១​ដល់​សាសន៍១​ទៀត

21. ទ្រង់​មិន​បើក​ឲ្យ​មនុស្ស​ណា​សង្កត់‌សង្កិន​គេ​ឡើយ ទ្រង់​បាន​បន្ទោស​ដល់​ទាំង​ពួក​ស្តេច​ដោយ​ព្រោះ​គេ​ផង

១ របាក្សត្រ 16