១ របាក្សត្រ 16:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គេ​នាំ​យក​ហឹប​នៃ​ព្រះ​មក ដាក់​នៅ​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​ទុក​សំរាប់ រួច​ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ

2. កាល​ដាវីឌ​បាន​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ពួក​ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

3. រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ឲ្យ​ដល់​សាសន៍​អ៊ីស្រា‌អែល​គ្រប់ៗ​គ្នា ទាំង​ប្រុស​ទាំង​ស្រី។

4. ទ្រង់​ក៏​ដំរូវ​ពួក​លេវី​ខ្លះ ឲ្យ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​រំឭក អរ​ព្រះ‌គុណ ហើយ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

5. គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក​មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម និង​យីអែល សុទ្ធ​តែ​កាន់​ពិណ និង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈឹង​ឲ្យ​ឮ​រងំ

6. ឯ​បេណាយ៉ា និង​យ៉ាហា‌សៀល ជា​ពួក​សង្ឃ ក៏​ផ្លុំ​ត្រែ​ជានិច្ច នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ។

7. នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ‌សារ​អេសាភ និង​ពួក​បង​ប្អូន​លោក​ថា

8. ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍

9. ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

10. ចូរ​មាន​ចិត្ត​រីក‌រាយ ដោយ​នូវ​ព្រះ‌នាម​បរិសុទ្ធ​របស់​ទ្រង់ ចូរ​ឲ្យ​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង

11. ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ចូរ​រក​ព្រះ‌ភក្ត្រ​ទ្រង់​ជានិច្ច

១ របាក្សត្រ 16