9. ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោក៨០នាក់
10. ក្នុងពួកកូនចៅអ៊ូស៊ាលមានអ័មីន៉ាដាប់ជាមេ និងបងប្អូនលោក១១២នាក់
11. ដាវីឌទ្រង់ក៏ហៅសាដុក និងអ័បៀថើរ ដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីន៉ាដាប់ផង
12. ទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកឯកន្លែងដែលយើងបានរៀបចំ
13. ដ្បិតដោយព្រោះកាលពីជាន់មុនអ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់
14. ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក
15. ពួកកូនចៅលេវីបានសែងហឹបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
16. ដាវីឌក៏ប្រាប់ ឲ្យមេពួកលេវីដំរូវ ឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ
17. ពួកលេវីក៏ដំរូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
18. ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ
19. ដូច្នេះ ពួកអ្នកចំរៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈឹងលង្ហិន សំរាប់វាយឲ្យឮរងំ
20. ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សំរាប់ដេញ តាមសំឡេងស្រួច
21. ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែ៨ សំរាប់នឹងចាប់នាំមុខពួកចំរៀង
22. ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចំរៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់
23. ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចូល
24. សេបានា យេហូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហឹបនៃព្រះ ឯអូបិឌ-អេដំម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចេញ។
25. ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដំម មកដោយអរសប្បាយ