១ របាក្សត្រ 15:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ដាវីឌ​ក៏​ប្រាប់ ឲ្យ​មេ​ពួក​លេវី​ដំរូវ ឲ្យ​ពួក​ចំរៀង ជា​បង​ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង និង​ឈឹង លេង​ឲ្យ​ឮ​សូរ​ក្រលួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ

17. ពួក​លេវី​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក​នេះ គឺ​ហេម៉ាន ជា​កូន​យ៉ូអែល ហើយ​ក្នុង​ពួក​បង​ប្អូន​របស់​លោក គឺ​អេសាភ ជា​កូន​រេបេគា ឯ​ក្នុង​ពួក​ម្រ៉ារី ជា​បង​ប្អូន​លោក គឺ​អេថាន ជា​កូន​គូសាយ៉ា

18. ហើយ​ពួក​បង​ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​២​ឲ្យ​បាន​នៅ​ជា​មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម និង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ

19. ដូច្នេះ ពួក​អ្នក​ចំរៀង គឺ​ហេម៉ាន អេសាភ និង​អេថាន ក៏​កាន់​ឈឹង​លង្ហិន សំរាប់​វាយ​ឲ្យ​ឮ​រងំ

20. ហើយ​សាការី យ្អាស៊ាល សេមី‌រ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និង​បេណាយ៉ា ក៏​កាន់​ពិណ សំរាប់​ដេញ តាម​សំឡេង​ស្រួច

21. ហើយ​ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម យីអែល និង​អ័សាស៊ា ក៏​កាន់​ស៊ុង​ខ្សែ​៨ សំរាប់​នឹង​ចាប់​នាំ​មុខ​ពួក​ចំរៀង

22. ហើយ​កេណានា ជា​មេ​ពួក​លេវី លោក​ត្រួត​លើ​ការ​ចំរៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ពី​ព្រោះ​លោក​ជា​អ្នក​ប្រសប់

23. ឯ​បេរេគា និង​អែល‌កាណា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចូល

24. សេបានា យេហូ‌សា‌ផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេណាយ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ ឯ​អូបិឌ-អេដំម និង​យេហ៊ីយ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចេញ។

25. ដូច្នេះ ដាវីឌ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព ក៏​ទៅ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ

26. រួច​ដោយ​ព្រោះ​ព្រះ​ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​៧ និង​ពពែ​៧ ទុក​ជា​យញ្ញ‌បូជា

27. ឯ​ដាវីឌ​ទ្រង់​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហឹប ពួក​ចំរៀង និង​កេណានា ជា​មេ​លើ​ពួក​ចំរៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ

១ របាក្សត្រ 15