1. ដាវីឌទ្រង់ក៏សង់ដំណាក់ សំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែង សំរាប់ហឹបនៃព្រះ គឺបានដំឡើងត្រសាល សំរាប់ហឹបនោះ
2. រួចដាវីឌទ្រង់មានព្រះបន្ទូលថា មិនត្រូវឲ្យអ្នកណាសែងហឹបនៃព្រះឡើយ លើកតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសគេ ទុកជាអ្នកសែងហឹបនៃព្រះ ហើយឲ្យធ្វើការងារ ថ្វាយទ្រង់ជាដរាប
3. ដូច្នេះ ដាវីឌទ្រង់ប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា មកឯកន្លែងដែលទ្រង់បានរៀបសំរាប់
4. ទ្រង់ក៏ប្រមូលពួកកូនចៅអើរ៉ុន និងពួកលេវី
5. គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ និងបងប្អូនលោក១២០នាក់
6. ក្នុងពួកកូនចៅម្រ៉ារី មានអ័សាយ៉ាជាមេ និងបងប្អូនលោក២២០នាក់
7. ក្នុងពួកកូនចៅគើសុន មានយ៉ូអែលជាមេ និងបងប្អូនលោក១៣០នាក់
8. ក្នុងពួកកូនចៅអេលីសាផាន មានសេម៉ាយ៉ាជាមេ និងបងប្អូនលោក២០០នាក់
9. ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោក៨០នាក់
10. ក្នុងពួកកូនចៅអ៊ូស៊ាលមានអ័មីន៉ាដាប់ជាមេ និងបងប្អូនលោក១១២នាក់
11. ដាវីឌទ្រង់ក៏ហៅសាដុក និងអ័បៀថើរ ដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីន៉ាដាប់ផង
12. ទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកឯកន្លែងដែលយើងបានរៀបចំ