១ របាក្សត្រ 12:20-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ដូច្នេះ កំពុង​ដែល​ទ្រង់​វិល​ទៅ​ឯ​ក្រុង​ស៊ីក‌ឡាក់​វិញ នោះ​មាន​ពួក​ម៉ាន៉ាសេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ និង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាន៉ាសេ​១​ពាន់​នាក់

21. អ្នក​ទាំង​នោះ​ក៏​ជួយ​ដាវីឌ​ទាស់​នឹង​ពួក​ចោរ ដ្បិត​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជា​មេ​ទ័ព​ផង

22. ហើយ​សឹង​តែ​រាល់​ថ្ងៃ ក៏​មាន​មនុស្ស​មក​ឯ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ ដរាប​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។

23. ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ

24. គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ នោះ​មាន​៦​ពាន់​៨​រយ​នាក់

25. ខាង​ពួក​កូន​ចៅ​ស៊ីម្មាន នោះ​មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សំរាប់​ចេញ​ទៅ​ច្បាំង​៧​ពាន់​១​រយ​នាក់

26. ខាង​ពួក​កូន​ចៅ​លេវី​មាន​៤​ពាន់​៦​រយ​នាក់

27. ហើយ​យេហូ‌យ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ

28. ហើយ​មាន​សាដុក​ជា​មនុស្ស​កំឡោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេ‌ទ័ព​២២​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក​ផង

29. ខាង​ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ជា​បង​ប្អូន​សូល នោះ​មាន​៣​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេន‌យ៉ា‌មីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​សូល

30. ខាង​ពួក​កូន​ចៅ​អេប្រា‌អិម មាន​២​ម៉ឺន​៨​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ល្បី​ឈ្មោះ នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ

១ របាក្សត្រ 12