១ របាក្សត្រ 12:19-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ក្នុង​ពួក​ម៉ាន៉ាសេ ក៏​មាន​អ្នក​ខ្លះ​រវាត​មក ចូល​ខាង​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ ដើម្បី​ច្បាំង​នឹង​សូល ជា​មួយ​នឹង​ពួក​ភីលីស្ទីន តែ​មិន​បាន​ជួយ​គេ​ទេ ពី​ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលីស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា ក្រែង​វា​រវាត​ចេញ​ទៅ​ខាង​សូល ជា​ចៅ‌ហ្វាយ​វា ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាល​យើង​វិញ

20. ដូច្នេះ កំពុង​ដែល​ទ្រង់​វិល​ទៅ​ឯ​ក្រុង​ស៊ីក‌ឡាក់​វិញ នោះ​មាន​ពួក​ម៉ាន៉ាសេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ និង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាន៉ាសេ​១​ពាន់​នាក់

21. អ្នក​ទាំង​នោះ​ក៏​ជួយ​ដាវីឌ​ទាស់​នឹង​ពួក​ចោរ ដ្បិត​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជា​មេ​ទ័ព​ផង

22. ហើយ​សឹង​តែ​រាល់​ថ្ងៃ ក៏​មាន​មនុស្ស​មក​ឯ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ ដរាប​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។

23. ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ

24. គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ នោះ​មាន​៦​ពាន់​៨​រយ​នាក់

25. ខាង​ពួក​កូន​ចៅ​ស៊ីម្មាន នោះ​មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សំរាប់​ចេញ​ទៅ​ច្បាំង​៧​ពាន់​១​រយ​នាក់

26. ខាង​ពួក​កូន​ចៅ​លេវី​មាន​៤​ពាន់​៦​រយ​នាក់

27. ហើយ​យេហូ‌យ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ

28. ហើយ​មាន​សាដុក​ជា​មនុស្ស​កំឡោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេ‌ទ័ព​២២​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក​ផង

29. ខាង​ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ជា​បង​ប្អូន​សូល នោះ​មាន​៣​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេន‌យ៉ា‌មីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​សូល

30. ខាង​ពួក​កូន​ចៅ​អេប្រា‌អិម មាន​២​ម៉ឺន​៨​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ល្បី​ឈ្មោះ នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ

31. ខាង​ឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ មាន​១​ម៉ឺន​៨​ពាន់​នាក់ ដែល​បាន​ដំរូវ​ដោយ​ឈ្មោះ ឲ្យ​មក​តាំង​ដាវីឌ​ឡើង​ជា​ស្តេច

32. ខាង​ពួក​កូន​ចៅ​អ៊ីសាខារ នោះ​មាន​មនុស្ស​ដែល​ស្គាល់​សម័យ​អាច​នឹង​ដឹង​ជា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​២០០​នាក់ ហើយ​ពួក​បង​ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់

33. ខាង​ពួក​សាប់‌យូល៉ូន មាន​៥​ម៉ឺន​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង សុទ្ធ​តែ​មាន​គ្រឿង​សស្ត្រា‌វុធ​គ្រប់​មុខ ហើយ​គេ​ប្រុង‌ប្រៀប​ទៅ​ច្បាំង​ដោយ​ចិត្ត​ស្មោះ

34. ខាង​ពួក​ណែប‌ថាលី​មាន​មេ‌ទ័ព​១​ពាន់​នាក់ ហើយ​មាន​៣​ម៉ឺន​៧​ពាន់​នាក់​ដែល​កាន់​ខែល និង​លំពែង​មក​ជា​មួយ​នឹង​គេ​ដែរ

១ របាក្សត្រ 12