7. ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ
8. ទ្រង់ក៏សង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់លោកក៏ជួសជុលទីក្រុងត្រង់កន្លែងឯទៀត
9. ចំណែកដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ក៏គង់ជាមួយ។
10. រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
11. ឯពួកអ្នកខ្លាំងពូកែរបស់ដាវីឌ នោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើពួក៣០នាក់ ហើយបានពួយលំពែង សំឡាប់មនុស្ស៣០០នាក់តែ១គ្រា
12. បន្ទាប់នោះ មានកូនដូដូរឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំង៣នាក់
13. លោកបាននៅជាមួយនឹងដាវីឌនៅត្រង់ផាស់-ដាំមីម ក្នុងកាលដែលពួកភីលីស្ទីនបានមូលគ្នាមកច្បាំង នៅកន្លែងដែលមានស្រែស្រូវឱក ហើយពួកទ័ពបានរត់ ពីមុខពួកភីលីស្ទីនទៅ
14. តែពួកនោះ គេឈរនៅកណ្តាលស្រែនោះ ហើយបានការពារ ព្រមទាំងសំឡាប់ពួកភីលីស្ទីនបង់ ព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះគេ ដោយជ័យជំនះយ៉ាងធំ
15. ក៏មាន៣នាក់ក្នុងពួកប្រធានទាំង៣០នាក់នោះ គេបានចុះទៅដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម
16. ហើយដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ឯពួកភីលីស្ទីន គេមានទ័ព១កងរក្សាស្រុក នៅឯក្រុងបេថ្លេហិម
17. ចំណែកដាវីឌ ទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានព្រះបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូង ដែលនៅមាត់ទ្វារក្រុងបេថ្លេហិមមក ឲ្យអញផឹកទៅអេះ
18. រួចអ្នកទាំង៣នោះក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិមនោះ នាំយកមកថ្វាយដល់ដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ
19. ដោយព្រះបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ
20. ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសំឡាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ