១ របាក្សត្រ 11:5-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ហើយ​ពួក​អ្នក​ក្រុង​យេប៊ូស គេ​ស្តី​ដល់​ដាវីឌ​ថា ឯង​នឹង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ ប៉ុន្តែ ដាវីឌ​វាយ​ចាប់​យក​ទី​មាំ‌មួន​ស៊ីយ៉ូន​បាន នោះ​គឺ​ជា​ក្រុង​របស់​ដាវីឌ

6. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​មុខ ហើយ​ជា​មេ‌ទ័ព​ធំ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា ក៏​ឡើង​ទៅ​ជា​មុន​គេ ហើយ​បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព

7. ឯ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា ក្រុង​ដាវីឌ

8. ទ្រង់​ក៏​សង់​ទី​ក្រុង​នោះ​ឡើង​នៅ​ជុំវិញ ចាប់​តាំង​ពី​ប៉ម​មីឡូរ​ព័ទ្ធ​ជុំវិញ ហើយ​យ៉ូអាប់​លោក​ក៏​ជួស‌ជុល​ទី​ក្រុង​ត្រង់​កន្លែង​ឯ​ទៀត

9. ចំណែក​ដាវីឌ បាន​កាន់​តែ​ថ្កុំ‌ថ្កើង​ឡើង ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ក៏​គង់​ជា​មួយ។

10. រីឯ​ពួក​ប្រធាន ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ ដែល​កាន់​ខ្ជាប់​ខាង​ទ្រង់ ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល

11. ឯ​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ នោះ​បាន​រាប់​ដូច​ជា​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​បាន​ពួយ​លំពែង សំឡាប់​មនុស្ស​៣០០​នាក់​តែ​១​គ្រា

12. បន្ទាប់​នោះ មាន​កូន​ដូដូរ​ឈ្មោះ​អេលាសារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់

13. លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌ​នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

14. តែ​ពួក​នោះ គេ​ឈរ​នៅ​កណ្តាល​ស្រែ​នោះ ហើយ​បាន​ការ‌ពារ ព្រម​ទាំង​សំឡាប់​ពួក​ភីលីស្ទីន​បង់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជំនះ​យ៉ាង​ធំ

15. ក៏​មាន​៣​នាក់​ក្នុង​ពួក​ប្រធាន​ទាំង​៣០​នាក់​នោះ គេ​បាន​ចុះ​ទៅ​ដាវីឌ​ត្រង់​ថ្មដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម

16. ហើយ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ឯ​ពួក​ភីលីស្ទីន គេ​មាន​ទ័ព​១​កង​រក្សា​ស្រុក នៅ​ឯ​ក្រុង​បេថ្លេ‌ហិម

17. ចំណែក​ដាវីឌ ទ្រង់​នឹក‌កន្លេង​ក្នុង​ព្រះ‌ទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​បើ​សិន​ជា​មាន​អ្នក​ណា​យក​ទឹក​ពី​អណ្តូង ដែល​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​មក ឲ្យ​អញ​ផឹក​ទៅ​អេះ

18. រួច​អ្នក​ទាំង​៣​នោះ​ក៏​បំបែក​ពួក​ទ័ព​ភីលីស្ទីន កាត់​ចូល​ទៅ​ដង​ទឹក​ពី​អណ្តូង​នៅ​មាត់​ទ្វារ​ក្រុង​បេថ្លេ‌ហិម​នោះ នាំ​យក​មក​ថ្វាយ​ដល់​ដាវីឌ តែ​ទ្រង់​មិន​ព្រម​សោយ​ទេ គឺ​ទ្រង់​ចាក់​ច្រួច​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ

19. ដោយ​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ​នៃ​ទូល‌បង្គំ​ឃាត់​មិន​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច្នោះ​ឡើយ តើ​ទូល‌បង្គំ​នឹង​ផឹក​ឈាម​របស់​មនុស្ស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​យ៉ាង​នេះ​ឬ​អី ដ្បិត​គេ​បាន​យក​ទឹក​នេះ​មក ដោយ​ប្រថុយ​ជីវិត​របស់​គេ​ពិត ហេតុ​នោះ​បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ឡើយ គឺ​ការ​យ៉ាង​នោះ​ឯង ដែល​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ​បាន​ធ្វើ

20. ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នាក់​នោះ ពី​ព្រោះ​លោក​បាន​ពួយ​លំពែង​សំឡាប់​មនុស្ស​៣០០​នាក់ ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​៣​នាក់​នោះ

១ របាក្សត្រ 11