3. គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
4. លំដាប់នោះ ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ក៏ទៅឯក្រុងយេរូសាឡិម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នករបស់ស្រុកនោះ ក៏នៅទីក្រុងនោះនៅឡើយ
5. ហើយពួកអ្នកក្រុងយេប៊ូស គេស្តីដល់ដាវីឌថា ឯងនឹងចូលមកក្នុងទីនេះមិនបានឡើយ ប៉ុន្តែ ដាវីឌវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន នោះគឺជាក្រុងរបស់ដាវីឌ
6. រួចទ្រង់មានព្រះបន្ទូលថា អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកមុខ ហើយជាមេទ័ពធំ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា ក៏ឡើងទៅជាមុនគេ ហើយបានតាំងឡើងឲ្យធ្វើជាមេទ័ព
7. ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ