2. កាលពីដើមដែលសូលធ្វើជាស្តេចនៅឡើយ នោះគឺលោកហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់បានមានព្រះបន្ទូលដល់លោកថា គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខនៃរាស្ត្រអញផង
3. គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
4. លំដាប់នោះ ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ក៏ទៅឯក្រុងយេរូសាឡិម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នករបស់ស្រុកនោះ ក៏នៅទីក្រុងនោះនៅឡើយ
5. ហើយពួកអ្នកក្រុងយេប៊ូស គេស្តីដល់ដាវីឌថា ឯងនឹងចូលមកក្នុងទីនេះមិនបានឡើយ ប៉ុន្តែ ដាវីឌវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន នោះគឺជាក្រុងរបស់ដាវីឌ
6. រួចទ្រង់មានព្រះបន្ទូលថា អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកមុខ ហើយជាមេទ័ពធំ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា ក៏ឡើងទៅជាមុនគេ ហើយបានតាំងឡើងឲ្យធ្វើជាមេទ័ព
7. ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ
8. ទ្រង់ក៏សង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់លោកក៏ជួសជុលទីក្រុងត្រង់កន្លែងឯទៀត
9. ចំណែកដាវីឌ បានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ក៏គង់ជាមួយ។
10. រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
11. ឯពួកអ្នកខ្លាំងពូកែរបស់ដាវីឌ នោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើពួក៣០នាក់ ហើយបានពួយលំពែង សំឡាប់មនុស្ស៣០០នាក់តែ១គ្រា
12. បន្ទាប់នោះ មានកូនដូដូរឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំង៣នាក់