១ របាក្សត្រ 11:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ប្រមូល​គ្នា​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា មើល​យើង​ខ្ញុំ​រាល់​គ្នា​ជា​សាច់​ឈាម​ជា​មួយ​នឹង​លោក

2. កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​នៅ​ឡើយ នោះ​គឺ​លោក​ហើយ ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក​ថា គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​នៃ​រាស្ត្រ​អញ​ផង

3. គឺ​យ៉ាង​នោះ ដែល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​ឯ​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ‌សារ​សាំយូ‌អែល។

4. លំដាប់​នោះ ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (គឺ​ជា​ក្រុង​យេប៊ូស) ឯ​ពួក​សាសន៍​យេប៊ូស ជា​ពួក​អ្នក​របស់​ស្រុក​នោះ ក៏​នៅ​ទី​ក្រុង​នោះ​នៅ​ឡើយ

5. ហើយ​ពួក​អ្នក​ក្រុង​យេប៊ូស គេ​ស្តី​ដល់​ដាវីឌ​ថា ឯង​នឹង​ចូល​មក​ក្នុង​ទី​នេះ​មិន​បាន​ឡើយ ប៉ុន្តែ ដាវីឌ​វាយ​ចាប់​យក​ទី​មាំ‌មួន​ស៊ីយ៉ូន​បាន នោះ​គឺ​ជា​ក្រុង​របស់​ដាវីឌ

6. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​មុខ ហើយ​ជា​មេ‌ទ័ព​ធំ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា ក៏​ឡើង​ទៅ​ជា​មុន​គេ ហើយ​បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព

7. ឯ​ដាវីឌ​ទ្រង់​គង់​នៅ​ក្នុង​ទី​មាំ‌មួន ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា ក្រុង​ដាវីឌ

8. ទ្រង់​ក៏​សង់​ទី​ក្រុង​នោះ​ឡើង​នៅ​ជុំវិញ ចាប់​តាំង​ពី​ប៉ម​មីឡូរ​ព័ទ្ធ​ជុំវិញ ហើយ​យ៉ូអាប់​លោក​ក៏​ជួស‌ជុល​ទី​ក្រុង​ត្រង់​កន្លែង​ឯ​ទៀត

9. ចំណែក​ដាវីឌ បាន​កាន់​តែ​ថ្កុំ‌ថ្កើង​ឡើង ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ក៏​គង់​ជា​មួយ។

10. រីឯ​ពួក​ប្រធាន ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ដាវីឌ ដែល​កាន់​ខ្ជាប់​ខាង​ទ្រង់ ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល

11. ឯ​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ នោះ​បាន​រាប់​ដូច​ជា​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​បាន​ពួយ​លំពែង សំឡាប់​មនុស្ស​៣០០​នាក់​តែ​១​គ្រា

12. បន្ទាប់​នោះ មាន​កូន​ដូដូរ​ឈ្មោះ​អេលាសារ ជា​ពួក​អ័ហូអា ដែល​ជា​ម្នាក់​ក្នុង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​៣​នាក់

13. លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌ​នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

14. តែ​ពួក​នោះ គេ​ឈរ​នៅ​កណ្តាល​ស្រែ​នោះ ហើយ​បាន​ការ‌ពារ ព្រម​ទាំង​សំឡាប់​ពួក​ភីលីស្ទីន​បង់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជំនះ​យ៉ាង​ធំ

15. ក៏​មាន​៣​នាក់​ក្នុង​ពួក​ប្រធាន​ទាំង​៣០​នាក់​នោះ គេ​បាន​ចុះ​ទៅ​ដាវីឌ​ត្រង់​ថ្មដា ក្នុង​រអាង​អាឌូឡាម នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​រេផែម

១ របាក្សត្រ 11