១ យ៉ូហាន 5:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​មាន​សេចក្តី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់

11. នេះ​ហើយ​ជា​សេចក្តី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់

12. ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

13. ខ្ញុំ​បាន​សរសេរ​សេចក្តី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប‌ជានិច្ច​ហើយ

14. យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម

15. បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ។

16. បើ​អ្នក​ណា​ឃើញ​បង​ប្អូន​កំពុង​តែ​ធ្វើ​បាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត តែ​មាន​បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ

17. គ្រប់​ទាំង​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​បាប​ទាំង​អស់ ហើយ​ក៏​មាន​បាប​ខ្លះ ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ដែរ

18. យើង​ដឹង​ថា អ្នក​ណា​ដែល​កើត​ពី​ព្រះ​មក នោះ​មិន​ចេះ​ធ្វើ​បាប​ទេ អ្នក​នោះ​ឯង​ជា​អ្នក​រក្សា​ខ្លួន​វិញ ហើយ​មេ​កំណាច​នឹង​ពាល់​អ្នក​នោះ​មិន​បាន​ឡើយ

19. យើង​ដឹង​ថា យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ

១ យ៉ូហាន 5