8. តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាប ចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ
9. អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជព្រះនៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក
10. គឺជាយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្តីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ។
11. ដ្បិតនេះឯងជាសេចក្តី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក
12. មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។
13. បងប្អូនអើយ បើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ
14. យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ
15. អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកណាសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ
16. ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ
17. បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្តីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន។
18. ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ
19. គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង
20. ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង
21. ពួកស្ងួនភ្ងាអើយ បើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេ នោះយើងមានសេចក្តីក្លាហាន នៅចំពោះព្រះ
22. ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសំរេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ