1. មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ
2. ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង
3. អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ
4. ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថាប្រព្រឹត្តរំលងក្រឹត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រឹត្យវិន័យហើយ
5. អ្នករាល់គ្នាដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយក៏នៅក្នុងទ្រង់ នោះគ្មានបាបសោះ
6. ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង។
7. កូនតូចៗរាល់គ្នាអើយ ចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តសេចក្តីសុចរិត នោះឈ្មោះថាសុចរិតហើយ ដូចជាទ្រង់ក៏សុចរិតដែរ
8. តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាប ចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ
9. អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជព្រះនៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក
10. គឺជាយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្តីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ។
11. ដ្បិតនេះឯងជាសេចក្តី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក