4. អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ
5. តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់
6. អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។
7. ពួកស្ងួនភ្ងាអើយ សេចក្តីដែលខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនជាបញ្ញត្តថ្មីទេ គឺជាបញ្ញត្តចាស់ដដែល ដែលអ្នករាល់គ្នាមានតាំងពីដើមមក ឯបញ្ញត្តចាស់នោះ គឺជាព្រះបន្ទូល ដែលអ្នករាល់គ្នាបានឮហើយ
8. ខ្ញុំក៏សរសេរបញ្ញត្ត១ថ្មីទៀត ផ្ញើមកអ្នករាល់គ្នា ជាសេចក្តីពិតដែលនៅក្នុងទ្រង់ ហើយក្នុងអ្នករាល់គ្នាដែរ ដ្បិតសេចក្តីងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើង
9. អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ
10. ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺវិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្តគេឡើយ
11. តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹតវិញ ក៏ដើរក្នុងសេចក្តីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្តីងងឹតនោះបានបំបាំងភ្នែកហើយ។
12. កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយដោយយល់ដល់ព្រះនាមទ្រង់
13. ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ ក្មេងរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះវរបិតា
14. ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ
15. កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ