11. តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹតវិញ ក៏ដើរក្នុងសេចក្តីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្តីងងឹតនោះបានបំបាំងភ្នែកហើយ។
12. កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយដោយយល់ដល់ព្រះនាមទ្រង់
13. ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ ក្មេងរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះវរបិតា
14. ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ
15. កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ
16. ដ្បិតអស់ទាំងសេចក្តី ដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម និងសេចក្តីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយ៍នេះវិញ
17. ឯលោកីយ៍នេះ និងសេចក្តីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ។
18. ក្មេងរាល់គ្នាអើយ នេះជាពេលម៉ោងក្រោយបង្អស់ហើយ សព្វថ្ងៃនេះកើតមានពួកទទឹងនឹងព្រះគ្រីស្ទជាច្រើន ដូចជាអ្នករាល់គ្នាបានឮហើយថា អាទទឹងនឹងព្រះគ្រីស្ទត្រូវមក ហេតុនោះបានជាយើងដឹងថា នេះជាពេលម៉ោងក្រោយបង្អស់
19. គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ
20. រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់លាបឲ្យហើយ ក៏ចេះគ្រប់ទាំងអស់ផង