5. ដ្បិតពីដើម ពួកស្រីៗ បរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ
6. ដូចជានាងសារ៉ាបានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជាម្ចាស់ផង ឯអ្នករាល់គ្នា ក៏បានត្រឡប់ជាពូជនាងនោះដោយបានប្រព្រឹត្តល្អ ឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ
7. ឯពួកប្រុសៗ នោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី ព្រមទាំងរាប់អាននាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
8. ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន និងមានចិត្តទន់សន្តោស ហើយសុភាព
9. ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ដើម្បីបានព្រះពរជាមរដក
10. ដ្បិត «អ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាដ៏ល្អ នោះត្រូវបញ្ចៀសអណ្តាតពីសេចក្ដីអាក្រក់ចេញ ហើយបបូរមាត់ក៏ដែរ កុំឲ្យពោលពាក្យប្រកបដោយឧបាយកលឡើយ
11. ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ប្រយោជន៍ឲ្យបានធ្វើការល្អវិញ ត្រូវស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព
12. ពីព្រោះព្រះនេត្រនៃព្រះអម្ចាស់ តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្តាប់ពាក្យទូលអង្វររបស់គេ តែព្រះភក្ត្រព្រះអម្ចាស់តែងទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់វិញ»។
13. បើអ្នករាល់គ្នាឧស្សាហ៍នឹងប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា
14. តែបើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្ដីសុចរិតវិញ នោះអ្នករាល់គ្នាមានពរពិត មិនត្រូវឲ្យអ្នកខ្លាចចំពោះសេចក្ដីស្ញែងខ្លាចរបស់គេឡើយ ក៏កុំឲ្យថប់បារម្ភដែរ
15. ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា
16. ព្រមទាំងមានបញ្ញាចិត្តជ្រះថ្លា ដើម្បីឲ្យពួកអ្នកដែលនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ បានអៀនខ្មាសវិញ ដោយព្រោះគេនិយាយបង្កាច់ពីកិរិយាល្អដែលអ្នករាល់គ្នាប្រព្រឹត្តក្នុងព្រះគ្រីស្ទ
17. ដ្បិតបើព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងដោយព្រោះការល្អជាជាងការអាក្រក់
18. ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានវិញ្ញាណប្រោសឲ្យរស់វិញ
19. ហើយដោយនូវព្រះវិញ្ញាណនោះឯង ជាពួកអ្នកដែលពីដើមមិនព្រមជឿ
20. គឺក្នុងខណៈដែលសេចក្ដីអត់ធ្មត់របស់ព្រះ បានរង់ចាំនៅជំនាន់លោកណូអេ កាលលោកកំពុងតែធ្វើទូកធំ ហើយនៅក្នុងទូកនោះមានមនុស្សតែបន្តិច គឺ៨នាក់ប៉ុណ្ណោះដែលបានរួចដោយសារទឹក