1. ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្តាប់បង្គាប់ តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល
2. ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ
3. ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗ ឡើយ
4. គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម នោះឯងជាសេចក្ដីដែលមានដំឡៃវិសេសនៅចំពោះព្រះ
5. ដ្បិតពីដើម ពួកស្រីៗ បរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះ ទាំងចុះចូលចំពោះប្ដីខ្លួនដែរ
6. ដូចជានាងសារ៉ាបានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជាម្ចាស់ផង ឯអ្នករាល់គ្នា ក៏បានត្រឡប់ជាពូជនាងនោះដោយបានប្រព្រឹត្តល្អ ឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ
7. ឯពួកប្រុសៗ នោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី ព្រមទាំងរាប់អាននាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
8. ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន និងមានចិត្តទន់សន្តោស ហើយសុភាព
9. ឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ដើម្បីបានព្រះពរជាមរដក
10. ដ្បិត «អ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាដ៏ល្អ នោះត្រូវបញ្ចៀសអណ្តាតពីសេចក្ដីអាក្រក់ចេញ ហើយបបូរមាត់ក៏ដែរ កុំឲ្យពោលពាក្យប្រកបដោយឧបាយកលឡើយ
11. ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ប្រយោជន៍ឲ្យបានធ្វើការល្អវិញ ត្រូវស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព
12. ពីព្រោះព្រះនេត្រនៃព្រះអម្ចាស់ តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្តាប់ពាក្យទូលអង្វររបស់គេ តែព្រះភក្ត្រព្រះអម្ចាស់តែងទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់វិញ»។
13. បើអ្នករាល់គ្នាឧស្សាហ៍នឹងប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា