15. តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ
16. ដ្បិតមានសេចក្ដីចែងទុកមកថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ»
17. ហើយបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជំរះ តាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាច ក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ
18. ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ
19. គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម
20. ដែលបានស្គាល់តាំងពីមុនកំណើតលោកីយ៍មក តែទើបនឹងលេចមកនៅជាន់ក្រោយបង្អស់នេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា
21. ដែលដោយសារទ្រង់ នោះអ្នករាល់គ្នាក៏ជឿដល់ព្រះ ដែលប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងប្រទានឲ្យមានសិរីល្អ ដើម្បីឲ្យសេចក្ដីជំនឿ ហើយនឹងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានជាប់នៅនឹងព្រះ។
22. អ្នករាល់គ្នាបានជំរះសំអាតចិត្ត ដោយស្តាប់តាមសេចក្ដីពិត សំរាប់ឲ្យបានសេចក្ដីស្រឡាញ់ជាបងប្អូនឥតពុតមាយា ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាតចុះ
23. ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់
24. ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ
25. តែឯព្រះបន្ទូលនៃព្រះអម្ចាស់ នោះនៅជាប់អស់កល្បជានិច្ចវិញ គឺជាព្រះបន្ទូលនេះ ដែលបានផ្សាយមកអ្នករាល់គ្នាហើយ។