1. សំបុត្រពេត្រុស ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំផ្ញើមកពួកអ្នកខ្ចាត់ខ្ចាយ ដែលសំណាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា
2. ជាពួកអ្នករើសតាំង តាមបព្វញាណនៃព្រះដ៏ជាព្រះវរបិតា ដោយព្រះវិញ្ញាណទ្រង់ញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ ព្រមទាំងបានព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទប្រោះលើខ្លួន សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត កាន់តែច្រើនឡើង។
3. សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ
4. ហើយឲ្យយើងបានមរដក ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបំរុងទុកឲ្យយើងរាល់គ្នានៅស្ថានសួគ៌
5. គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿ សំរាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ
6. អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ
7. ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ និងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក
8. ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន
9. ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង
10. ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្ដីសង្គ្រោះនោះ
11. ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ