១ ពង្សាវតារក្សត្រ 9:9-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​គ្រប់​ទាំង​សេចក្តី​អាក្រក់​នេះ​មក​លើ​គេ។

10. លុះ​ផុត​២០​ឆ្នាំ​ដែល​សាឡូ‌ម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​២​រួច​ជា​ស្រេច​ហើយ

11. (រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ផ្គត់‌ផ្គង់​ឈើ​តាត្រៅ និង​ឈើ​កកោះ ហើយ​មាស ថ្វាយ​សាឡូ‌ម៉ូន តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​គ្រប់​ចំពូក) នោះ​ស្តេច​ទ្រង់​ក៏​ប្រទាន​ទី​ក្រុង​២០ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម

12. រួច​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ប្រទាន​នោះ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ

13. ក៏​មាន​ព្រះ‌បន្ទូល​ថា ប្អូន​អើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

14. ឯ​ហ៊ីរ៉ាម​ទ្រង់​ក៏​ផ្ញើ​មាស​១២០​ហាប​មក​ថ្វាយ​ដល់​សាឡូ‌ម៉ូន។

15. ឯ​ហេតុ​ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​កេណ្ឌ​កំណែន នោះ​គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុង​ហាសោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ

16. ដ្បិត​ពី​មុន ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ព្រម​ទាំង​ដុត​នឹង​ភ្លើង ហើយ​សំឡាប់​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​នោះ​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​សាឡូ‌ម៉ូន ទុក​ជា​ចំណង​ដៃ

17. ដូច្នេះ សាឡូ‌ម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើង និង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម

18. ព្រម​ទាំង​ក្រុង​ប្អាឡាត ហើយ​ក្រុង​ថាត់ម៉ោរ ដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ

19. នឹង​អស់​ទាំង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង​របស់​សាឡូ‌ម៉ូន និង​ទី​ក្រុង​សំរាប់​ទុក​រទេះ​ចំបាំង ហើយ​សំរាប់​ពួក​ពល​សេះ​ទ្រង់ ក៏​ធ្វើ​របស់​ទាំង​អស់ ដែល​សាឡូ‌ម៉ូន​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន ហើយ​ក្នុង​គ្រប់​ទាំង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង

20. ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

21. គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​សាឡូ‌ម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​ពួក​អ្នក​បំរើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

22. តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ នោះ​សាឡូ‌ម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​បាវ​បំរើ​ទេ គឺ​គេ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចំបាំង និង​ពួក​ទ័ព​សេះ​ទ្រង់​វិញ

23. ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​សាឡូ‌ម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​៥៥០​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។

24. ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។

25. មាន​៣​ដង​ក្នុង​១​ឆ្នាំ ដែល​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​លើ​អាស‌នា ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាស‌នា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ផង គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច។

26. ស្តេច​សាឡូ‌ម៉ូន​ធ្វើ​នាវា​១​ក្រុម​នៅ​ត្រង់​អេស៊ាន-គេប៊ើរ ជា​ទី​នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដំម

27. ឯ​ហ៊ីរ៉ាម ទ្រង់​ក៏​ចាត់​ពួក​បាវ​បំរើ​ទ្រង់​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា​មួយ​នឹង​ពួក​បំរើ​របស់​សាឡូ‌ម៉ូន

១ ពង្សាវតារក្សត្រ 9