1. គ្រាក្រោយ ដែលសាឡូម៉ូនបានស្អាងព្រះវិហារ នៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះទ័យចង់ធ្វើ
2. នោះព្រះយេហូវ៉ាក៏លេចមក ឲ្យទ្រង់ឃើញម្តងទៀត ដូចជាបានលេចមកឲ្យឃើញ នៅត្រង់គីបៀនដែរ
3. ព្រះយេហូវ៉ាមានព្រះបន្ទូលថា អញបានឮសេចក្តី ដែលឯងបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះអញនោះ អញក៏បានញែកព្រះវិហារនេះ ដែលឯងបានស្អាងចេញជាបរិសុទ្ធ ទុកសំរាប់នឹងតាំងឈ្មោះអញ នៅអស់កល្បជានិច្ច ហើយភ្នែក និងចិត្តអញនឹងស្ថិតនៅទីនោះ ជាដរាបតទៅ
4. ឯឯង បើសិនជាឯងនឹងដើរនៅចំពោះអញ ដូចជាដាវីឌជាឪពុកឯង ដោយចិត្តស្មោះ ហើយទៀងត្រង់ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីដែលអញបានបង្គាប់ដល់ឯង ព្រមទាំងកាន់តាមបញ្ញត្ត និងសេចក្តីយុត្តិធម៌របស់អញទាំងប៉ុន្មាន
5. នោះអញនឹងតាំងរាជ្យឯងលើសាសន៍អ៊ីស្រាអែលឲ្យនៅជាប់ជារៀងរាបតទៅ តាមដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ
6. តែបើកាលណាឯងបែរចេញលែងប្រព្រឹត្តតាមអញ ទោះទាំងឯង ឬកូនចៅឯងផង ហើយមិនកាន់តាមបញ្ញត្ត និងក្រឹត្យរបស់អញទាំងប៉ុន្មាន ដែលអញបានដាក់នៅមុខឯងទេ គឺនឹងទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
7. នោះអញនឹងកាត់សាសន៍អ៊ីស្រាអែលចេញពីស្រុក ដែលអញបានឲ្យដល់គេ ហើយព្រះវិហារនេះ ដែលអញបានញែកចេញជាបរិសុទ្ធ សំរាប់ឈ្មោះអញ នោះអញនឹងបោះបង់ចោលពីមុខអញចេញវិញ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាសេចក្តីប្រៀបផ្ទឹម ហើយជាទីដំនៀល នៅក្នុងពួកសាសន៍ទាំងអស់
8. ឯព្រះវិហារនេះ ទោះបើខ្ពស់ដល់ម៉្លេះ គង់តែអស់អ្នកណាដែលដើរទៅមក គេនឹងមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនឹងចំអកឡកឡឺយឲ្យ ដោយពាក្យថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ
9. នោះគេនឹងឆ្លើយឡើងថា គឺពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃគេ ដែលទ្រង់បាននាំពួកអយ្យកោគេ ចេញពីស្រុកអេស៊ីព្ទមក ហើយគេបានទៅភ្ជាប់ខ្លួននឹងព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាម គឺហេតុនោះ បានជាព្រះយេហូវ៉ាទ្រង់បាននាំគ្រប់ទាំងសេចក្តីអាក្រក់នេះមកលើគេ។
10. លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងទាំង២រួចជាស្រេចហើយ