60. ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដី បានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ
61. ដូច្នេះ សូមឲ្យចិត្តឯងរាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្ត ហើយកាន់តាមក្រឹត្យទ្រង់ទាំងប៉ុន្មានដូចជាមានសព្វថ្ងៃនេះ។
62. រួចមក ស្តេច និងពួកអ៊ីស្រាអែលទាំងអស់ ក៏ថ្វាយយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា
63. ឯយញ្ញបូជា ដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយមេត្រី នោះគឺគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ា
64. នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងដង្វាយដុត និងដង្វាយម្សៅ ហើយខ្លាញ់នៃដង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងដង្វាយដុត និងដង្វាយម្សៅ ហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេ