51. (ដ្បិតគេជារាស្ត្ររបស់ផងទ្រង់ និងជាមរដករបស់ទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្តាលគុករំលាយដែកនោះ)
52. ដើម្បីឲ្យព្រះនេត្រទ្រង់បានបើក សំរាប់ទតក្នុងវេលាណា ដែលទូលបង្គំ ជាបាវបំរើទ្រង់ និងសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ ទូលអង្វរ ហើយនឹងស្តាប់តាមសេចក្តី ដែលគេទូលសូមដល់ទ្រង់
53. ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានញែកគេចេញពីអស់ទាំងសាសន៍នៅផែនដី ទុកសំរាប់ជាមរកដរបស់ទ្រង់ហើយ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារលោកម៉ូសេ ជាបាវបំរើនៃទ្រង់ ពីកាលទ្រង់បាននាំពួកអយ្យកោយើងខ្ញុំ ចេញពីស្រុកអេស៊ីព្ទមក។
54. កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្តីទាំងនោះរួចហើយ នោះទ្រង់ក៏ក្រោក ពីមុខអាសនានៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តដំរង់ទៅឯមេឃនោះឡើង
55. ទ្រង់ក៏ឈរឡើង ប្រទានពរ ដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដោយព្រះសៀងដ៏ខ្លាំងថា
56. សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់បានប្រទានសេចក្តីសំរាក ដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ តាមគ្រប់ទាំងសេចក្តី ដែលទ្រង់បានសន្យាឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្តីល្អ ដែលទ្រង់បានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់នោះឡើយ
57. សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា បានគង់ជាមួយនឹងយើង ដូចជាទ្រង់បានគង់ជាមួយនឹងពួកអយ្យកោយើងដែរ សូមកុំឲ្យទ្រង់លះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
58. ដើម្បីឲ្យទ្រង់បានបង្វែរចិត្តយើងទៅឯទ្រង់ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ និងក្រឹត្យក្រម ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់ដល់ពួកអយ្យកោយើងរាល់គ្នា
59. សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យទ្រង់បានសំរេចតាមសេចក្តីត្រឹមត្រូវចំពោះយើង ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង តាមត្រូវការរាល់តែថ្ងៃ
60. ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដី បានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ
61. ដូច្នេះ សូមឲ្យចិត្តឯងរាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្ត ហើយកាន់តាមក្រឹត្យទ្រង់ទាំងប៉ុន្មានដូចជាមានសព្វថ្ងៃនេះ។
62. រួចមក ស្តេច និងពួកអ៊ីស្រាអែលទាំងអស់ ក៏ថ្វាយយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា
63. ឯយញ្ញបូជា ដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយមេត្រី នោះគឺគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ា
64. នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងដង្វាយដុត និងដង្វាយម្សៅ ហើយខ្លាញ់នៃដង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងដង្វាយដុត និងដង្វាយម្សៅ ហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេ
65. នៅវេលានោះ សាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា អស់៧ថ្ងៃ រួចរាប់៧ថ្ងៃទៀត រួមទាំងអស់ជា១៤ថ្ងៃ
66. ដល់ថ្ងៃទី៨ នោះទ្រង់ឲ្យពួករាស្ត្រត្រឡប់ទៅវិញ គេក៏ថ្វាយពរដល់ស្តេច រួចវិលទៅឯទីលំនៅរបស់គេវិញ ដោយមានចិត្តសប្បាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្តីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ជាអ្នកបំរើទ្រង់ ហើយដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ដែរ។