5. រួចស្តេចសាឡូម៉ូន និងពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយនឹងទ្រង់ នៅត្រង់មុខហឹប កំពុងតែបូជាថ្វាយចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ
6. រួចពួកសង្ឃក៏សែងយកហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបំរុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ
7. ដ្បិតចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងដែលតម្កល់ទុកហឹបនោះ ចេរូប៊ីនក៏គ្របនៅពីលើហឹប និងឈើស្នែងរបស់ហឹបផង
8. គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ
9. ឯនៅក្នុងហឹប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
10. លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
11. ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។
12. គ្រានោះ សាឡូម៉ូនទ្រង់ពោលថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ទ្រង់នឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់
13. ដូច្នេះ ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច។
14. រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ
15. ទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតានៃយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចព្រះបន្ទូលនោះ ដោយសារព្រះហស្តទ្រង់ថា
16. ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ