47. នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំទៅជាឈ្លើយនោះ ហើយបែរត្រឡប់ចិត្តមកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់ នៅក្នុងស្រុករបស់ពួកសាសន៍ដែលដឹកនាំគេ ទៅជាឈ្លើយនោះដោយពាក្យថា យើងខ្ញុំបានធ្វើបាបហើយ ក៏បានប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ផង
48. បើសិនជាគេវិលត្រឡប់មកឯទ្រង់ដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលទ្រង់បានប្រទានឲ្យពួកអយ្យកោគេ គឺជាទីក្រុង ដែលទ្រង់បានរើសតាំង និងព្រះវិហារ ដែលទូលបង្គំបានស្អាងថ្វាយព្រះនាមទ្រង់
49. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅទ្រង់ ចំពោះពាក្យដែលគេអធិស្ឋានហើយទូលអង្វរនោះ ព្រមទាំងសំរេចសេចក្តីត្រឹមត្រូវឲ្យគេផង
50. សូមអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់ដូច្នេះ ហើយអស់ទាំងការរំលងច្បាប់ ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ដែរ សូមបណ្តាលឲ្យពួកអ្នកដែលនាំគេទៅជាឈ្លើយនោះ បានអាណិតមេត្តាដល់គេវិញ
51. (ដ្បិតគេជារាស្ត្ររបស់ផងទ្រង់ និងជាមរដករបស់ទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្តាលគុករំលាយដែកនោះ)
52. ដើម្បីឲ្យព្រះនេត្រទ្រង់បានបើក សំរាប់ទតក្នុងវេលាណា ដែលទូលបង្គំ ជាបាវបំរើទ្រង់ និងសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ ទូលអង្វរ ហើយនឹងស្តាប់តាមសេចក្តី ដែលគេទូលសូមដល់ទ្រង់
53. ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានញែកគេចេញពីអស់ទាំងសាសន៍នៅផែនដី ទុកសំរាប់ជាមរកដរបស់ទ្រង់ហើយ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារលោកម៉ូសេ ជាបាវបំរើនៃទ្រង់ ពីកាលទ្រង់បាននាំពួកអយ្យកោយើងខ្ញុំ ចេញពីស្រុកអេស៊ីព្ទមក។
54. កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្តីទាំងនោះរួចហើយ នោះទ្រង់ក៏ក្រោក ពីមុខអាសនានៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តដំរង់ទៅឯមេឃនោះឡើង
55. ទ្រង់ក៏ឈរឡើង ប្រទានពរ ដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដោយព្រះសៀងដ៏ខ្លាំងថា
56. សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់បានប្រទានសេចក្តីសំរាក ដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ តាមគ្រប់ទាំងសេចក្តី ដែលទ្រង់បានសន្យាឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្តីល្អ ដែលទ្រង់បានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់នោះឡើយ
57. សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា បានគង់ជាមួយនឹងយើង ដូចជាទ្រង់បានគង់ជាមួយនឹងពួកអយ្យកោយើងដែរ សូមកុំឲ្យទ្រង់លះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
58. ដើម្បីឲ្យទ្រង់បានបង្វែរចិត្តយើងទៅឯទ្រង់ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ និងក្រឹត្យក្រម ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់ដល់ពួកអយ្យកោយើងរាល់គ្នា
59. សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យទ្រង់បានសំរេចតាមសេចក្តីត្រឹមត្រូវចំពោះយើង ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង តាមត្រូវការរាល់តែថ្ងៃ
60. ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដី បានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ