34. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់គេពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោគេវិញ។
35. បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
36. នោះសូមទ្រង់ប្រោសពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកបាវបំរើទ្រង់ គឺពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ ទុកជាមរដកផង។
37. បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយ ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្តីវេទនាណា ឬជំងឺណាក៏ដោយ
38. នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្តីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
39. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសំរេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែ១ ដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
40. ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់នៅគ្រប់១ជីវិត ដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោយើងខ្ញុំទាំងឡាយ។
41. មួយទៀត ត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមទ្រង់
42. (ដ្បិតគេនឹងឮនិយាយ ពីព្រះនាមដ៏ជាធំឧត្តមរបស់ទ្រង់ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសំរេចដែរ) ហើយគេមកអធិស្ឋានដំរង់ចំពោះព្រះវិហារនេះ
43. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយសំរេចសព្វគ្រប់ តាមសេចក្តីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់។
44. បើកាលណារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះយេហូវ៉ា ទាំងបែរមកឯទីក្រុងនេះ ដែលទ្រង់បានរើស និងព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
45. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្តីយុត្តិធម៌ឲ្យគេផង។
46. បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្តីក្រោធនឹងគេ ព្រមទាំងប្រគល់គេ ដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី
47. នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំទៅជាឈ្លើយនោះ ហើយបែរត្រឡប់ចិត្តមកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់ នៅក្នុងស្រុករបស់ពួកសាសន៍ដែលដឹកនាំគេ ទៅជាឈ្លើយនោះដោយពាក្យថា យើងខ្ញុំបានធ្វើបាបហើយ ក៏បានប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ផង
48. បើសិនជាគេវិលត្រឡប់មកឯទ្រង់ដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលទ្រង់បានប្រទានឲ្យពួកអយ្យកោគេ គឺជាទីក្រុង ដែលទ្រង់បានរើសតាំង និងព្រះវិហារ ដែលទូលបង្គំបានស្អាងថ្វាយព្រះនាមទ្រង់
49. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅទ្រង់ ចំពោះពាក្យដែលគេអធិស្ឋានហើយទូលអង្វរនោះ ព្រមទាំងសំរេចសេចក្តីត្រឹមត្រូវឲ្យគេផង
50. សូមអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់ដូច្នេះ ហើយអស់ទាំងការរំលងច្បាប់ ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ដែរ សូមបណ្តាលឲ្យពួកអ្នកដែលនាំគេទៅជាឈ្លើយនោះ បានអាណិតមេត្តាដល់គេវិញ