28. ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបំរើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក និងសេចក្តីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ
29. ប្រយោជន៍ឲ្យព្រះនេត្រទ្រង់ បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែង ដែលទ្រង់បានមានព្រះបន្ទូលហើយថា ព្រះនាមទ្រង់នឹងនៅទីនេះ ដើម្បីនឹងស្តាប់សេចក្តីអធិស្ឋាន ដែលទូលបង្គំ ជាបាវបំរើទ្រង់នឹងទូលដំរង់មកឯទីនេះ
30. ហើយកាលណាទូលបង្គំ ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ នឹងអធិស្ឋានដំរង់មកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្តីទូលអង្វរ របស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ លុះកាលណាទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
31. បើសិនជាអ្នកណាធ្វើបាប ចំពោះអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ ក្នុងព្រះវិហារនេះ
32. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការងារដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្តីសុចរិតរបស់ខ្លួនគេទៅ។
33. បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកឯទ្រង់វិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយអធិស្ឋានទូលអង្វរដល់ទ្រង់ក្នុងព្រះវិហារនេះ
34. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់គេពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោគេវិញ។
35. បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
36. នោះសូមទ្រង់ប្រោសពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកបាវបំរើទ្រង់ គឺពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ ទុកជាមរដកផង។
37. បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយ ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្តីវេទនាណា ឬជំងឺណាក៏ដោយ
38. នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្តីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
39. នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសំរេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែ១ ដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
40. ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់នៅគ្រប់១ជីវិត ដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោយើងខ្ញុំទាំងឡាយ។