12. គ្រានោះ សាឡូម៉ូនទ្រង់ពោលថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ទ្រង់នឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់
13. ដូច្នេះ ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច។
14. រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ
15. ទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតានៃយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចព្រះបន្ទូលនោះ ដោយសារព្រះហស្តទ្រង់ថា
16. ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ
17. រីឯបំណងព្រះទ័យនៃដាវីឌជាបិតាយើង នោះទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ
18. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងមានចិត្តចង់ស្អាងវិហារសំរាប់ឈ្មោះអញ នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
19. ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ
20. ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
21. ក៏បានតាំងកន្លែងនៅទីនេះ ទុកសំរាប់ហឹប ដែលមានសេចក្តីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្តីដែលទ្រង់បានតាំងនឹងពួកអយ្យកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទ។
22. រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា
23. ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅផ្ទៃមេឃខាងលើ ឬនៅផែនដីខាងក្រោមក្តី ទ្រង់កាន់តាមសេចក្តីសញ្ញា និងសេចក្តីសប្បុរសដល់ពួកបាវបំរើទ្រង់ ដែលខំដើរនៅចំពោះទ្រង់អស់ពីចិត្ត
24. ទ្រង់បានកាន់តាមសេចក្តីសន្យា ដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ អ្នកបំរើទ្រង់ ជាបិតាទូលបង្គំ គឺទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋ ហើយបានសំរេចតាម ដោយសារព្រះហស្តទ្រង់ ដូចជាមានសព្វថ្ងៃនេះ
25. ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្តីនេះទៀត ជាសេចក្តីដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យ របស់សាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងបានប្រុងប្រយ័ត្ននឹងដើរតាមផ្លូវ នៅមុខអញ ដូចជាឯងបានដើរនោះដែរ
26. ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលនៃទ្រង់ ដែលទ្រង់បានមានព្រះបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបំរើទ្រង់ចុះ
27. យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
28. ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបំរើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក និងសេចក្តីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ