១ ពង្សាវតារក្សត្រ 7:6-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទ្រង់​ក៏​ធ្វើ​បាំង‌សាច​ដោយ​មាន​សសរ បាំង‌សាច​នោះ​មាន​បណ្តោយ​៥០​ហត្ថ និង​ទទឹង​៣០​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរ និង​ធ្នឹម​ពី​លើ​នៅ​ជុំវិញ

7. ទ្រង់​ក៏​ធ្វើ​មន្ទីរ​បាំង‌សាច​សំរាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តាត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន

8. ឯ​ដំណាក់​ដែល​ទ្រង់​គង់​នៅ នោះ​បាន​ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី‌ធ្លា​១​ទៀត ក៏​នៅ​ខាង‌អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​១ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សំរាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។

9. ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ ដោយ​ថ្ម​មាន​ដំឡៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី‌ធ្លា​ធំ​ដែរ

10. ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម មាន​ដំឡៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​១០​ហត្ថ ខ្លះ​៨​ហត្ថ

11. ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម ដែល​មាន​ដំឡៃ ដាប់​តាម​ទំហំ និង​ឈើ​តាត្រៅ​ផង

12. ឯ​ទី‌ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​៣​ជាន់ និង​ឈើ​តាត្រៅ​១​ជាន់​នៅ​ជុំវិញ ដូច​ជា​ទីលាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ហើយ​ដូច​ជា​បាំង‌សាច​នៃ​ព្រះ‌វិហារ​ដែរ។

13. ស្តេច​សាឡូ‌ម៉ូន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​រក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស​នាំ​មក

14. អ្នក​នោះ​ជា​កូន​របស់​ស្រី​មេម៉ាយ​ម្នាក់​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី‌ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ស្តេច​សាឡូ‌ម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់

15. គាត់​សិត​ធ្វើ​សសរ​២​ដោយ​លង្ហិន ទាំង​២​មាន​កំពស់​១៨​ហត្ថ​ដូច​គ្នា ហើយ​បើ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​១២​ហត្ថ​ក្នុង​សសរ​មួយៗ

16. គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​២​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​២ មួយៗ​មាន​កំពស់​៥​ហត្ថ​ដូច​គ្នា

17. មាន​ក្បាច់​តារាង ដូច​ជា​ក្រឡា​អួន ហើយ​មាន​វង់​កំរង​ច្រវាក់​៧​នៅ​ក្បាល​សសរ​មួយៗ ក្នុង​ទាំង​២​នោះ

18. គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​២ ហើយ​មាន​ផ្លែ​ទទឹម​២​ជួរ​ព័ទ្ធ​ជុំវិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សំរាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​២

19. ឯ​ក្បាល​សសរ​នៃ​បាំង‌សាច​មាន​កំពស់​៤​ហត្ថ ក៏​មាន​ក្បាច់​ជា​ផ្កា​ច័ន្ធូ

20. មាន​ក្បាល​នៅ​លើ​សសរ​ទាំង​២​នោះ​ដែរ ជាប់​ពី​គែម​ត្រង់​ក្បាច់​ក្រឡា​អួន ហើយ​មាន​ផ្លែ​ទទឹម​២០០ រៀប​ជា​២​ជួរ​នៅ​ព័ទ្ធ​ជុំវិញ​សសរ​ទាំង​២​នោះ​ដូច​គ្នា

21. គាត់​ក៏​លើក​សសរ​ទាំង​២​នោះ​បញ្ឈរ​ឡើង នៅ​ត្រង់​បាំង‌សាច​នៃ​ព្រះ‌វិហារ កាល​គាត់​បាន​លើក​សសរ​ខាង​ស្តាំ​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា យ៉ាគិន រួច​កាល​គាត់​លើក​សសរ​ខាង​ឆ្វេង​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា បូអូស

១ ពង្សាវតារក្សត្រ 7