39. រួចគាត់ដាក់គ្រោង៥នៅខាងស្តាំព្រះវិហារ ហើយ៥នៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។
40. ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា
41. គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរ និងក្បាច់ក្រឡាអួន សំរាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ
42. ហើយផ្លែទទឹមទាំង៤០០ សំរាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹម២ជួរសំរាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំង២នោះ
43. ព្រមទាំងគ្រោង១០ និងចានក្លាំ១០ ដែលនៅលើគ្រោងទាំងនោះ
44. និងសមុទ្រ១ ហើយគោទាំង១២ ដែលទ្រពីខាងក្រោម
45. ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង
46. ស្តេចទ្រង់ឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្តាលភូមិសិកូត និងសារថាន
47. សាឡូម៉ូនទ្រង់មិនបានថ្លឹងរបស់ទាំងនោះទេ ពីព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទំងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
48. រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសំរាប់ដាក់នំបុ័ងតាំងទុក
49. ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ៥ខាងស្តាំ ៥ខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង និងឃ្នាបប្រឆេះធ្វើពីមាស
50. ហើយទាំងឆ្នាំង ដង្កៀប ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសំរាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសំរាប់ទ្វារព្រះវិហារខាងក្រៅដែរ។