3. ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំង៤៥ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុង១ជួរមាន១៥
4. ឯបង្អួចមាន៣ជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំង៣ជាន់
5. អស់ទាំងទ្វារ និងក្រប ក៏ធ្វើពីឈើ៤ជ្រុង ព្រមទាំងបង្អួច៣ជាន់ ប្រទល់គ្នានោះដែរ
6. ទ្រង់ក៏ធ្វើបាំងសាចដោយមានសសរ បាំងសាចនោះមានបណ្តោយ៥០ហត្ថ និងទទឹង៣០ហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើនៅជុំវិញ
7. ទ្រង់ក៏ធ្វើមន្ទីរបាំងសាចសំរាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិដាន
8. ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សំរាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
9. ឯរបស់ទាំងអស់នេះបានធ្វើ ដោយថ្មមានដំឡៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹម ដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ
10. ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្ម មានដំឡៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះ១០ហត្ថ ខ្លះ៨ហត្ថ
11. ហើយពីនោះទៅលើក៏មានថ្ម ដែលមានដំឡៃ ដាប់តាមទំហំ និងឈើតាត្រៅផង
12. ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ និងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។
13. ស្តេចសាឡូម៉ូន ទ្រង់ចាត់គេ ឲ្យទៅរកហ៊ីរ៉ាមនៅក្រុងទីរ៉ុសនាំមក