26. តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
27. គាត់ក៏ធ្វើគ្រោងលង្ហិន១០ បណ្តោយ៤ហត្ថ ទទឹង៤ហត្ថ ហើយកំពស់៣ហត្ថ
28. គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត
29. ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានធ្លាប់ជារូបសិង្ហ គោ ហើយនឹងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
30. គ្រោងមួយៗ នោះមានកង់លង្ហិន៤ និងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំង៤ជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កំរងខាងៗទាំងអស់
31. ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកំពស់១ហត្ថ រាងមូល១ហត្ថកន្លះ មានក្បាច់ចំឡាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជា៤ជ្រុងវិញ មិនមែនមូលទេ
32. ឯខាងក្រោមបន្ទះ នោះមានកង់៤ ភ្លៅកង់ទាំងនោះនៅជាប់នឹងតួគ្រោង កង់១កំពស់១ហត្ថកន្លះ
33. ឯរបៀបធ្វើកង់ទាំងនោះ ក៏ដូចជាធ្វើកង់រទេះចំបាំង គឺមានទាំងភ្លៅ ទាំងខ្នងកង់ ទាំងកាំ និងដុំផង គ្រឿងទាំងនោះបានសិត ដោយលង្ហិនទាំងអស់
34. នៅត្រង់ជ្រុងទាំង៤របស់គ្រោងទាំងនោះ មានកំណល់ដែលសិតជាប់ជាមួយនឹងតួគ្រោងនោះឯង
35. ហើយពីខាងលើជញ្ជាំងគ្រោងនោះ មានបន្ទះចេញជារាងមូល កំពស់កន្លះហត្ថ ឯខាងលើបន្ទះនោះ និងជើងកំណល់ បានភ្ជាប់ជាមួយគ្នា
36. គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ និងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ
37. គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំង១០នោះ ទាំងអស់សិតពីពុម្ពតែ១ មានទំហំមានរាងដូចគ្នា។
38. គាត់ក៏ធ្វើបានក្លាំលង្ហិន១០ ចានមួយៗចំណុះទឹក៤០អម្រែក មានទំហំ៤ហត្ថ ហើយគ្រប់គ្រោងទាំង១០ នោះមានចានក្លាំមួយៗ
39. រួចគាត់ដាក់គ្រោង៥នៅខាងស្តាំព្រះវិហារ ហើយ៥នៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។
40. ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា
41. គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរ និងក្បាច់ក្រឡាអួន សំរាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ
42. ហើយផ្លែទទឹមទាំង៤០០ សំរាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹម២ជួរសំរាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំង២នោះ
43. ព្រមទាំងគ្រោង១០ និងចានក្លាំ១០ ដែលនៅលើគ្រោងទាំងនោះ
44. និងសមុទ្រ១ ហើយគោទាំង១២ ដែលទ្រពីខាងក្រោម